ក្នុងអាជីពជាគ្រូបង្រៀន លោកស្រី ឃឹម ណាត់ធីម៉ុន តែងឆ្លៀតពេលផលិតវីដេអូអប់រំ ដាស់អារម្មណ៍ដល់កូនខ្មែរមួយចំនួនឲ្យងាកមករកផ្លូវត្រូវដោយប្រើបញ្ញា។ វិជ្ជានេះបានមកដោយសារតែលោកស្រីក៏ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា ដែលបានស្គាល់ប្រទេសជាច្រើន ដូចជា ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងហ្វីលីពីន ក្នុងគោលដៅផ្សព្វផ្សាយសន្តិភាព និងអន្តរជំនឿសាសនា។ ជាសកម្មភាពដែលត្រូវបានស្ត្រីខ្មែរអាយុ២៨ឆ្នាំរូបនេះ ចាត់ទុកថា ជាការចែករំលែកចំណេះដឹង និងសេចក្តីស្រលាញ់ទៅកាន់សង្គម ហើយសង្គមបានឲ្យតម្លៃមកគាត់វិញ។