ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនានេះ អង្គការឃែរកម្ពុជាដែលធ្វើការងារគាំពារ និងលើកកម្ពស់ស្ត្រីនិងកុមារកម្ពុជា បានទទួលស្គាល់ពីសមិទ្ធផលភាពជាអ្នកដឹកនាំ និងភាពធន់របស់ស្ត្រី និងកុមារីខ្មែរ។ ទន្ទឹមគ្នានេះ អង្គការឃែរក៏មើលឃើញដែរថា ស្ត្រីនិងកុមារីខ្មែរនៅតែបន្តជួបឧបសគ្គច្រើនដូចជា ការរើសអើង អំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី៨ មីនានេះ លោកស្រី នៅ សុវត្ថា នាយិកាអង្គការឃែរប្រចាំនៅកម្ពុជា លើកឡើងថា ការគាំពារ និងការលើកកម្ពស់ស្ត្រីនិងកុមារីកម្ពុជាមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែមួយទេ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីផ្សេងទៀត។