សហគមន៍ជនជាតិដើមភាគតិច នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ដែលគ្រោងធ្វើវិសោធនកម្មច្បាប់ចំនួន២ គឺច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០២២ ទទួលយកធាតុចូលបន្ថែមទៀតពីសហគមន៍ជនជាតិដើមភាគតិច។ លោកស្រី រម៉ាស់ សារ៉ន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមអង្គការខ្មែរលើថ្លែងប្រាប់វិទ្យុបារាំង RFI ថា សហគមន៍ជនជាតិដើមភាគតិចបានជំទាស់នឹងពាក្យ«សហគមន៍មូលដ្ឋាន» និងចំណុចមួយចំនួនដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ និងអត្តសញ្ញាណរបស់សហគមន៍ជនជាតិដើមភាគតិច ដោយពាក្យ និងចំណុចសំខាន់ៗទាំងអស់នេះត្រូវបានគេគ្រោងនឹងប្រើនៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ទាំងពីរខាងលើ។