កាលពីថ្ងៃទី២៤ ខែមីនា សមាសភាពក្រុមការងារស្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាល បានជួបប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងបានពិភាក្សាអំពីការបង្កើនបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងសមភាពយេនឌ័រក្នុងវិស័យនយោបាយ។ លោកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការសីលការក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះ។ តាមរយៈនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ លោកស្រី សេង រាសី បានថ្លែងថា សមភាពយេនឌ័រក្នុងវិស័យនយោបាយមានភាពចាំបាច់ ជាពិសេសគឺការអនុវត្តសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋរបស់ពួកគាត់ ជាក់ស្តែងស្ត្រីមានជាង៥០ភាគរយនៃចំនួនប្រជាជន ដូច្នេះភាពជាតំណាងរបស់ស្ត្រីគឺជាចំណុចសំខាន់។ លោកស្រី សេង រាសី បញ្ជាក់ថាស្ត្រីនៅក្នុងវិស័យនយោបាយ ឬស្ត្រីដែលឈរឈ្មោះក្នុងគណបក្ស គឺមានការកើនឡើងតិចតួចពីមួយអាណត្តិទៅមួយអាណត្តិ។