ប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោក កំពុងផ្តោតចាប់អារម្មណ៍លើអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវចូលខ្លួនទៅកាន់តុលាការក្រុងញូវយ៉ក នៅថ្ងៃអង្គារនេះ។ ការបង្ហាញខ្លួនរបស់ប្រធានាធិបតីទី៤៥របស់អាមេរិក នៅតុលាការក្រុងញូវយ៉ក ធ្វើឡើង នៅ៥ថ្ងៃក្រោយ គណៈវិនិច្ឆ័យរបស់តុលាការញូវយ៉ក សម្រេចចោទប្រកាន់ លោកដូណាល់ ត្រាំ នៅក្នុងសំណុំរឿងពុករលួយ សូកប៉ាន់ដើម្បីបំបិទមាត់ស្រ្តីតារាភាពយន្ត អាសអាភៀស ម្នាក់ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦។ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោងមុនការចូលខ្លួនរបស់អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ក្នុងអគារតុលាការ មហាវិថី ជុំវិញ ក្នុងសង្កាត់ Manhattan ត្រូវបិទច្រកចូល។ ក្រៅពីវត្តមានកកកុញរបស់អ្នកកាសែតទូរទស្សន៍ជាតិ អន្តរជាតិ រាប់រយនាក់ នៅមុខច្រកចូលតុលាការ ប៉ូលិសញូវយ៉កតាមដានដោយប្រយ័ត្នប្រយែងវត្តមានរបស់អ្នកគាំទ្រលោកដូណាល់ ត្រាំ ដែលអាចបង្កភាពចលាចល ដូចការលើកគ្នាសម្រុកចូលវិមានកាពីតូល កាលពី២ឆ្នាំមុន នៅថ្ងសទី ៦មករា ឆ្នាំ ២០២១។