ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដែលតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ដោយផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតមក លោក ខៀវ សំផន នៅមិនទាន់ត្រូវបានកំណត់ជាក់លាក់ថាតុលាការនឹងឃុំខ្លួនគាត់យ៉ាងណា ហើយនៅទីណានៅឡើយទេ ស្របពេលដែលទីតាំងសាលាក្តីខ្មែរក្រហម នឹងប្រគល់សងទៅខាងកងទ័ពវិញនៅដំណាច់ឆ្នាំនេះ។ ក៏ប៉ុន្តែលោក គង់ សំអុន សហមេធាវីការពារក្តីលោក ខៀវ សំផន បានថ្លែងថាបន្ទប់ឃុំឃាំងឌុច នៃពន្ធនាគារខេត្តកណ្តាលទំនងជាទីតាំងដែលត្រូវដាក់លោក ខៀវ សំផន។ ក៏ប៉ុន្តែអ្វីដែលលោកមេធាវីមើលឃើញគឺ លោក ខៀវ សំផន វ័យ៩១ឆ្នាំ ជាអតីតមេដឹកនាំកំពូលនៃរបបខ្មែរក្រហម ដែលនៅមានជីវិតតែម្នាក់គត់ពេលនេះ មិនអាចងើបដើរ ឬធ្វើចលនាបំលាស់ទីដោយខ្លួនឯងបានទេ។ លោកថាស្ថានភាពសុខភាពកូនក្តីលោកដុនដាប ទាមទារឲ្យមានអ្នកជួយគាត់នៅក្នុងពន្ធនាគារ ដោយលោកនឹងស្នើសុំឲ្យមានជំនួយពីសាច់ញាតិលោក ខៀវ សំផន ប្រសិនបើពន្ធនាគារមិនអាចជួយបាន។