លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារ ក្រោមបទចោទចេញសែកគ្មានសាច់ប្រាក់(សែកស្អុយ) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ជូង ជូងី ដែលជាមេធាវីការពារសិទ្ធិឲ្យលោក ថាច់ សេដ្ឋា បានថ្លែងថាលោក ថាច់ សេដ្ឋា មានស្ថានភាពល្អប្រសើរ និងមានស្មារតីរឹងមាំ។ លោកមេធាវីបញ្ជាក់ថា លោកនឹងសិក្សាសំណុំរឿងនេះយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ហើយដាក់ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការឃុំខ្លួនលោក ថាច់ សេដ្ឋា ខណៈដែលបណ្តឹងនេះមានភាពមិនប្រក្រតី គឺមានអង្គហេតុតែមួយ តែតុលាការចាត់ការដល់ទៅពីរដង។