នៅអាស៊ី មានការប្រកួតកីឡាស៊ីហ្គេម ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទឹកដីអឺរ៉ុបឯណោះវិញ និយាយឲ្យចំនៅប្រទេសបារាំង មហោស្រពភាពយន្តអន្តរជាតិកានកំពុងត្រៀមសម្ពោធ បើកទ្វារជាផ្លូវការនៅប៉ុន្មានម៉ោងខាងមុខ សម្រាប់រយៈពេល១១ថ្ងៃ ពីថ្ងៃអង្គារទី១៦ រហូតដល់ថ្ងៃទី ២៨ ឧសភា នៅទីក្រុងកាន ជាប់មាត់សមុទ្រភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្តអន្តរជាតិកាន ដែលតែងជាកន្លែងប្រមូលផ្តុំ តារាភាពយន្តគ្រប់សាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្តមកពីទិសទី ក្នុងពិភពលោក បានចាប់មានសកម្មភាពមមាញឹកសាជាថ្មី បន្ទាប់ពីធ្លាក់ថមថយចុះសកម្មភាព មួយរយៈដោយសារវិបត្តិកូវីដ។ ប៉ុន្តែ ខណៈពេលដែលមហោស្រពភាពយន្តអន្តរជាតិលើកទី៧៦ កំពុងត្រៀមបើកទ្វារ ដើម្បីជ្រើសរើសខ្សែភាពយន្តដ៏ល្អជាងគេ ក្នុងចំណោមខ្សែភាពយន្តចំនួន ១៨ សម្រាប់ពានរង្វាន់តាល់ប័ត្រ ចលនាសង្គម ដែលបណ្តាលមកពីបាតុកម្មរបស់សហជីព ដើម្បីប្រឆាំងច្បាប់ចូលនិវត្តិន៍ថ្មីរបស់រដ្ឋាភិបាលកំពុងគំរាមកំហែងដំណើរប្រព្រឹត្តទៅនៃមហោស្រពភាពយន្តកាន ដែលជាព្រឹត្តិការណ៍វប្បធម៌ដ៏ល្បីល្បាញជាងគេ ក្នុងពិភពលោក។