តម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តឡើងខ្ពស់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥ ៨០០ រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតបានលោតឡើងខ្ពស់ជាងសាំងធម្មតាដល់ទៅ ៦ ១០០ រៀល(១,៥ដុល្លារ)។ ជុំវិញការឡើងថ្លៃប្រេងឥន្ធនៈដែលជាបច្ច័យអាក្រក់ពីសង្គ្រាមឈា្លនពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែននេះ ប្រទេសជឿនលឿនមួយចំនួនបានធ្វើពហិការទីផ្សារប្រេងរុស្ស៊ី ហើយស្វែងរកប្រភពផ្គត់ផ្គង់ថ្មីជំនួសវិញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមើលឃើញថា កម្ពុជាមិនមានប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈណាផ្សេងក្រៅពីទីផ្សារអន្តរជាតិទេ។ លោកថាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិកកំពុងតែមានវិបត្តិ និងការប្រឈមនឹងអតិផរណាកាន់តែខ្ពស់ ហើយសម្រាប់កម្ពុជាដូចជាមិនមានប្រភពថាមពលណាមកជំនួសប្រេងឥន្ធនៈបានទេជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន។