នៅថ្ងៃអាទិត្យទី១៤ឧសភា ប្រជាជនថៃប្រមាណជាង៥០លាននាក់ ត្រូវចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភា និងឈានទៅតែងតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ បើតាមការសង្កេត សន្ទុះគាំទ្រគណបក្សប្រឆាំង បានផុសផុលខ្លាំង នៅទូទាំងប្រទេសថៃ ដែលបង្ហាញអំពីទឹកចិត្ត ចង់ឲ្យមានការផ្លាស់ប្តូរ ចង់បិទបញ្ចប់ទំព័រសករាជ នៃអំណាចនយោបាយរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលកើតចេញពីការធ្វើរដ្ឋប្រហាររបស់កងទ័ព។ តែយ៉ាងណា ប្រព័ន្ធបោះឆ្នោតថៃ មានភាពស្មុគស្មាញ និងបានការពារអំណាច របស់ក្រុមយោធាថៃបានយ៉ាងរឹងមាំ ហើយការភ័យបារម្ភពីករណីរដ្ឋប្រហារសារជាថ្មី ក៏នៅស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរ។