សន្និសីទអន្តរជាតិស្តីពីទឹក ដែលរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូយ៉ក បានបិទបញ្ចប់ហើយ កាលពីថ្ងៃសុក្រ ទី២៤មីនា។ ថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់សន្និសីទនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រសិនបើចង់មានសង្ឃឹម ថាអាចនឹងធានាឲ្យមនុស្សលើផែនដី មានទឹកប្រើប្រាស់ទាំងអស់គ្នា នៅថ្ងៃណាមួយនោះ គឺពិភពលោកយើង ត្រូវតែតម្រង់ទិសសាជាថ្មី ចាប់ពីពេលនេះទៅ”។ សូមបញ្ជាក់ថា បញ្ហាវិបត្តិគ្មានទឹកប្រើប្រាស់ កំពុងតែចោទឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ទឹកគឺជាប្រភពនៃជីវិត ទឹកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ តែទន្ទឹមនឹងនេះ មនុស្សប្រមាណ២ពាន់លាននាក់ រស់នៅដោយគ្មានទឹកស្អាតបរិភោគទេ។