រូបភាពអ្នកកាសែតពលរដ្ឋ តម្រង់ទូរស័ព្ទផ្សាយផ្ទាល់ពីករណីនារីម្នាក់ ប៉ុនប៉ងបញ្ចប់ជីវិត លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការជជែកវែកញែកជាច្រើន អំពីវិជ្ជាជីវៈសារព័ត៌មានរបស់ពួកគេ។ ជាការពិតហើយថា វត្តមាននៃអ្នកកាសែតពលរដ្ឋ ចុះទៅផ្សាយផ្ទាល់អំពីហេតុការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស បានផ្ដល់ជាដំណឹងដល់ទស្សនិកជនបានភ្លាមៗ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកកាសែតពលរដ្ឋមិនត្រូវភ្លេចទេថា តួនាទីជាអ្នកកាសែតនេះ ត្រូវភ្ជាប់មកជាមួយនូវការទទួលខុសត្រូវដ៏ធំសម្បើមចំពោះមុខសង្គម។ ចំណែកអ្នកពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន ចាំបាច់ត្រូវពង្រឹងវិជ្ជាជីវៈរបស់អ្នកកាសែតពលរដ្ឋឱ្យបាន មុនពេលអ្នកកាសែតពលរដ្ឋដែលចេះតែកើនឡើងជារៀងរាល់ថ្ងៃ ក្លាយជាក្រុមមនុស្សអនាធិបតេយ្យគ្រប់គ្រងលែងកើត។