គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្គាប់ឲ្យអ្នកស្រី សុខ ស្រីនួន ជំទប់ទី២ឃុំ ព្រះធាតុមកពីគណបក្សភ្លើងទៀនបង់ប្រាក់ផាកពិន័យ៥លានរៀលទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ក្នុងរយៈពេល៣០ថ្ងៃ។ នេះគឺជាចំណាត់ការធ្វើឡើងទៅតាមបណ្តឹងរបស់មន្ត្រីគណបក្សកាន់អំណាច បន្ទាប់ពីសមាជិកគណបក្សប្រឆាំងរូបនេះផ្សព្វផ្សាយរូបភាពទឹកប្រាក់២ម៉ឺនរៀលភ្ជាប់នឹងរូបភាពគណបក្សប្រជាជនកម្ពុជា។ មន្ត្រីគណបក្សកាន់អំណាចចាត់ទុកថានេះជាការបរិហាកេរ្តិ៍ ហើយប្តឹងទៅតុលាការបន្ថែមពីលើបណ្តឹងទៅគ.ជ.ប។ អ្នកស្រី សុខ ស្រីនួន សំដែងការបារម្ភពីការចាប់ខ្លួន ប្រសិនគ្មានប្រាក់ ៥លានរៀលបង់ផាកពិន័យនេះ។