អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានរំលឹកពីទ្រឹស្តីរបស់លោកកាលពី៨ឆ្នាំមុន ដែលលោកមានកិត្តិយសក្នុងការអញ្ជើញផ្តល់អនុសាសន៍ទៅដល់អ្នកជំនួញវ័យក្មេងថា «ជំនួញណាដែលធ្វើឲ្យរាស្ត្រឈឺចាប់ សូមកុំរកស៊ីអី»។ តាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី អនុសាសន៍របស់លោកកាលណោះ ពិតជាបានឆ្លុះបញ្ចាំងនូវការពិតពេលនេះ។ ការលើកឡើងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដូច្នេះ គឺស្របពេលដែលអ្នកឧកញ៉ានាំកូនឈើជាច្រើនពាន់ដើមទៅដាំឡើងវិញនៅលើដីភ្នំតាម៉ៅប្រមាណ៥០០ហិចតារ ដែលបានឈូសឆាយហើយដោយក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា និងក្រុមហ៊ុន១ចំនួនទៀត។ ការវិនិយោគលើដីសួនសត្វភ្នំតាម៉ៅនេះ បានរងប្រតិកម្មរិះគន់យ៉ាងខ្លាំងពីមហាជន រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចកាលពីពេលថ្មីៗនេះ លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍ។