ជាមួយនឹងផែនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស រថយន្តអគ្គិសនីកំពុងតែទទួលបានការពេញនិយម ព្រោះវាមិនប្រើប្រេងឥន្ធនៈ ដែលបញ្ចេឧស្ម័នកាបូនិក។ តែទន្ទឹមគ្នានេះ រថយន្តអគ្គិសនីត្រូវការប្រើថ្មសាកទំហំធំ ដែលត្រូវបានផលិតឡើង ដោយរ៉ែកម្រជាច្រើនប្រភេទ ក្នុងនោះមានលីត្យ៉ូម និងនីគែលជាដើម។ រ៉ែនីគែល មានសារៈសំខាន់ណាស់ ដើម្បីផលិតគ្រឿងឧបករណ៍អេឡិចត្រូនិក និងជាពិសេស គឺប្រើនៅក្នុងការផលិតលោហៈដែលមិនចេះច្រែស ឬដែលយើងជាភាសាសាមញ្ញថា “ដែកអ៊ីណុក”។ តម្រូវការរ៉ែនីគែលរបស់ពិភពលោកយើង កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ សកម្មភាពជីកគាស់រ៉ែនីគែល អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ មកលើសុខភាពមនុស្ស និងមកលើបរិស្ថាន។