ថ្ងៃនេះ ជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ វិទ្យុបារាំង សុំអញ្ជើញបណ្ឌិត ជា មុនីឫទ្ធិ ដែលជានាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ។
ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង បណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា នៅពេលបុណ្យចូលឆ្នាំចិន គឺមានគោលគំនិត៣ធំៗ។ ទី១ គឺជាការជួបជុំគ្នា ក្នុងរង្វង់ក្រុមគ្រួសារ ឬទៅជួបជុំគ្នានៅស្រុកកំណើត។ ទី២ គឺដឹងគុណ អ្នកដែលបានស្លាប់ទៅ និងដឹងគុណ ចាស់ទុំ អ្នកដែលនៅរស់ ហើយនិងទី៣ គឺជាការចែករំលែកគ្នា។ នោះគឺចែករំលែកនំចំណីនិងទ្រព្យធនខ្លះ នៅពេលសែនព្រេនហើយ។
ដោយឡែកចំពោះការសែន ដូចជាមាន់ស្ងោរ ជ្រូកខ្វៃ នំចំណីផ្សេងៗ គឺគ្មានភស្តុតាងណាដែលអះអាងថាបានផលពិតនោះទេ។ ហើយចំណែក ការដុតក្រដាសសែនវិញ លោកបណ្ឌិត បញ្ជាក់ថាគឺជាការខ្ជះខ្ជាយ។