នៅខេត្តកំពត ថ្ងៃអាទិត្យនេះ ក្រុមអ្នកគាំទ្របក្សគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ឬ LDP ច្រើនជាង ៨ រយនាក់ បានធ្វើបាតុកម្មអហិង្សា តវ៉ាឲ្យដោះលែងមនុស្ស ចំនួន១៣នាក់ ដែលជា សមាជិកគាំទ្របក្ស LDP និងដែលត្រូវអាជ្ញាធរចាប់ខ្លួន ពីម្សិលមិញ។
ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង RFI នៅយប់នេះ លោក ខឹម វាសនា ដែលជាប្រធានបក្ស LDP ក៏យល់មិនច្បាស់ថា រឿងនេះ គឺជារឿងទំនាស់ដីធ្លីធម្មតា ឬជារឿងនយោបាយដែលរដ្ឋអំណាចដាក់សម្ពាធទៅលើកអ្នកគាំទ្ររបស់លោកនោះទេ។ ក៏ប៉ុន្តែ ប្រធានបក្សរូបនេះ ថាលោកនឹងប្រើគ្រប់មធ្យោបាយ ដើម្បីឲ្យមានការដោះលែងជនទាំង១៣នាក់នោះ។
បើតាមលោក ខឹម វាសនា, ការចាប់ខ្លួនពួកគេទាំង១៣នាក់នោះ គឺខុសច្បាប់ ព្រោះគ្មានដីកាចាប់ខ្លួននោះទេ។
យ៉ាងណាក៏ដោយ លោក ខឹម វាសនា ក៏ដឹងខ្លួនឯងដែរថា ការតតាំងដោយស្មើភាពគ្នាចំពោះមុខច្បាប់ គឺមិនអាចរកខុសរកត្រូវបានទេ ព្រោះសង្គមខ្មែរ គឺមានអំណាចប្រមូលផ្តុំ។ ទោះយ៉ាងណាក្តី លោកថា បើសិនជាមានការចង់រកភាពត្រឹមត្រូវ ពិតមែន គឺរដ្ឋគួរតែមានគណៈកម្មការឯករាជ្យចុះទៅពិនិត្យដោយផ្ទាល់ គឺនឹងដឹងច្បាស់ហើយ។