ប្រវត្តិសាស្រ្តពិភពលោក

រូបវិទ្យាកង់ទិក៖ អនុគមន៍​រលក​កង់ទិក ​និង ​Schrödinger's Cat


Listen Later

នៅឆ្នាំ១៩២៤ អ្នកប្រាជ្ញ​រូបវិទ្យាបារាំង Louis de Broglie បាន​រកឃើញ​ទ្រឹស្តី ដែលលើកឡើង​ថា អេឡិចត្រុង​គឺ​ជា​រលកផង និង​ជា​ភាគល្អិតផង (Wave-particle duality) ហើយ​ពីរឆ្នាំក្រោយមកទៀត អ្នកប្រាជ្ញ​រូបវិទ្យាអូទ្រីស Erwin Schrödinger បាន​រកឃើញ​សមីការ ដែល​បញ្ជាក់អំពី​រលកកង់ទិក ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យាកង់ទិក។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក Schrödinger បាន​សង្កេតឃើញ​ភាព​ចម្លែក​នៃ​ទ្រឹស្តី​កង់ទិក​នេះ ហើយ​បានបញ្ជាក់ អំពី​ភាពចម្លែក​នេះ តាមរយៈឧទាហរណ៍​អំពី​សត្វឆ្មារ (Schrödinger's cat)។

ជិត២០ឆ្នាំក្រោយ​ពី​អាញស្តាញ​ចុះផ្សាយ​ទ្រឹស្តី ដែល​បង្ហាញ​ថា ពន្លឺ ដែល​កាល​ពីមុន​គេ​ធ្លាប់​តែ​គិត​ថា​ជា​រលក ត្រូវ​ផ្សំឡើង​ដោយ​បណ្តុំថាមពល​ជា​ភាគល្អិត គឺ​ហ្វូតុង នៅឆ្នាំ១៩២៤ រូបវិទូបារាំង​ឈ្មោះ ល្វី ដឺប្រឺយ (Louis de Broglie) នៅក្នុងនិក្ខេបបទ​បញ្ចប់​ការ​សិក្សា​ថ្នាក់​​បណ្ឌិត​​ បាន​លើកឡើង​នូវទ្រឹស្តី​មួយ​ថា អេឡិចត្រុង ដែល​គេ​ស្គាល់​តាំងពីដើម​មក​ថា​ជា​ភាគល្អិត​នោះ បែរ​ជា​មាន​លក្ខណៈ​ជា​រលក​ទៅវិញ។ មែនទែនទៅ យោងតាម​ទ្រឹស្តី​របស់ ល្វី ដឺប្រឺយ អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ គឺ​មាន​លក្ខណៈ​ជា​ភាគល្អិតផង និង​ជា​រលកផង ទ្រឹស្តី ដែលគេហៅ​ជាភាសាអង់គ្លេស​ថា Wave-particle duality។

នៅឆ្នាំ១៩២៦ រូបវិទូ​អូទ្រីសឈ្មោះ Erwin Schrödinger បាន​សិក្សាស្រាវជ្រាវលម្អិត​ ទៅលើ​ទ្រឹស្តី​រលកអេឡិចត្រុង​របស់ ល្វី ដឺប្រឺយ ហើយ​បានរកឃើញ​សមីការ ដែល​អាច​ពិពណ៌នា និង​ព្យាករ​អំពី​ដំណើរវិវឌ្ឍ​របស់​រលកអេឡិចត្រុង ក៏ដូចជា ភាគល្អិត​ផ្សេងទៀត នៅ​ក្នុង​កម្រិត​កង់ទិក។ សមីការនេះ​ត្រូវបាន​ស្គាល់ជាទូទៅថា “សមីការ Schrödinger” (Schrödinger equation) ហើយ​ដែល​ជា​មូលដ្ឋានគ្រឹះចម្បងបំផុត​នៃ​រូបវិទ្យាកង់ទិក។

គេ​អាច​និយាយ​ដោយ​ប្រៀបធៀបគ្នា​បាន​ថា ច្បាប់​ចលនា​នៃ​មេកានិក​ក្លាស៊ិក គឺ​មាន​សមីការ​របស់​អ៊ីសាក់ញូតុន​​ជា​មូលដ្ឋានគ្រឹះ រីឯមេកានិក​កង់ទិក​វិញ សមីការ​ជា​មូលដ្ឋានគ្រឹះ​ចម្បង​បំផុត គឺ​​សមីការ​របស់ Schrödinger។ នៅ​ក្នុង​មេកានិក​ក្លាស៊ិក សមីការ​របស់​ញូតុន ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​​យ៉ាងសុក្រឹត​ អំពី​ចលនា​របស់​ភព ផ្កាយ និង​កាឡាក់ស៊ី ចំណែក​នៅក្នុង​មេកានិក​កង់ទិកវិញ សមីការ​របស់ Schrödinger គឺ​ជា​គន្លឹះ​ក្នុងការ​ពិពណ៌នា និង​ព្យាករ​ អំពី​អាតូម និង​ភាគល្អិត​ក្រោម​អាតូម។

ក៏ប៉ុន្តែ ផ្ទុយស្រឡះ​ពី​មេកានិក​ក្លាស៊ិក ដែល​ការព្យាករ​អាច​ធ្វើ​ឡើង​បាន​យ៉ាង​​ជាក់លាក់ នៅ​ក្នុង​មេកានិក​កង់ទិកវិញ សមីការរលកកង់ទិក​​អាច​ឲ្យ​គេ​ព្យាករ​បាន​ត្រឹមតែ​ជា​ប្រូបាប៊ីលីតេ​តែប៉ុណ្ណោះ មានន័យថា នៅ​ក្នុង​ពិភពកង់ទិក អេឡិចត្រុង ក៏ដូចជា​ភាគល្អិត​ផ្សេងទៀតដែរ មិនមាន​អត្ថិភាព​ពិតប្រាកដ​នោះទេ ដោយ​គេ​​មិន​អាចកំណត់​បាន​ច្បាស់លាស់​​ថា វា​មាន​ចលនា​បែបណា ទៅទិសខាងណា ឬ​​ស្ថិត​នៅ​ទីតាំង​ណាមួយ​ពិតប្រាកដ​នោះ​ទេ។ មែនទែនទៅ គេ​មិនត្រឹមតែ​មិន​អាច​ដឹង​ថា អេឡិចត្រុង​ស្ថិតនៅទីតាំង​ណាមួយ ឬ​ក្នុង​សភាពបែបណាមួយ​ពិតប្រាកដ​នោះទេ ក៏ប៉ុន្តែ ទៅតាម​គោលការណ៍​​នៃ​មេកានិកកង់ទិក អេឡិចត្រុង​អាច​ស្ថិត​នៅ​ក្នុងទីតាំងច្រើន​ផ្សេងគ្នា ឬ​ក្នុង​សភាពខុសគ្នា​​ក្នុងពេលតែមួយ​ ដែលគេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា « Superposition »។

នេះ​គឺ​ជា​ភាពចម្លែក ដែលសូម្បីតែ Erwin Schrödinger ខ្លួនឯងផ្ទាល់ ក៏ពិបាក​នឹង​ទទួល​យក ហើយ​ដើម្បី​បង្ហាញ​ពី​ភាពចម្លែក​នេះ Erwin Schrödinger បានលើកឡើង អំពី​ពិសោធន៍​ទៅលើ​សត្វឆ្មារ ដែលគេតែងតែ​ស្គាល់​ជា​ភាសាអង់គ្លេស​ថា Schrödinger's cat។

នៅក្នុងពិសោធន៍​របស់ Schrödinger ​នេះ គេ​យក​សត្វឆ្មារ​មួយក្បាល​ទៅដាក់​នៅ​ក្នុង​ហឹប​បិទជិត ដោយ​នៅ​ក្នុង​ហឹបនោះ មាន​ផ្ទុកសារធាតុវិទ្យុសកម្ម ដែល​​អាតូម​របស់​វា​អាច​មាន​បម្រែបម្រួល​វិទ្យុសកម្ម (Radioactive decay) ក្នុង​​ប្រូបាប៊ីលីតេ ៥០%-៥០% ពោលគឺ ប្រូបាប៊ីលីតេ ៥០% ដែល​វា​បំភាយវិទ្យុសកម្ម ហើយ ៥០% មិនបំភាយ​វិទ្យុសកម្ម។

នៅ​ក្នុង​ហឹបនោះដែរ គេ​ដាក់​​​ដបឧស្ម័នពុល ដោយ​មាន​យន្តការពិសេស ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ចាប់សញ្ញាវិទ្យុសកម្ម។ ប្រសិនបើ​មាន​ការ​បំភាយ​វិទ្យុសកម្ម យន្តការពិសេស​នឹង​បញ្ចេញ​ឧស្ម័នពុល​ ហើយ​សត្វឆ្មារ​នឹង​ត្រូវ​ស្លាប់។ ផ្ទុយ​ទៅវិញ បើ​សិន​ជា​គ្មាន​ការ​បំភាយវិទ្យុសកម្ម​ទេ ឧស្ម័នពុល​​ក៏​នឹង​មិន​ត្រូវ​បំភាយចេញ ហើយ​សត្វឆ្មារ​ត្រូវ​នៅ​រស់។ និយាយជារួម ជោគវាសនា​របស់​សត្វឆ្មារ​ត្រូវ​ផ្សាភ្ជាប់​ទៅនឹង​អាតូម គឺ​មាន​ប្រូបាប៊ីលីតេ ៥០% ឆ្មារ​ត្រូវ​ស្លាប់ ហើយ ៥០% ឆ្មារ​នៅ​រស់។

យោងទៅតាម​គោលការណ៍​​នៃ​រូបវិទ្យាកង់ទិក ដរាបណា​គេមិនទាន់​បើកហឹប​នេះ​មើលទេ អាតូម​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថានភាពពីរ​ក្នុងពេលតែមួយ គឺ​បំភាយវិទ្យុសកម្ម និង​មិនបំភាយវិទ្យុសកម្ម ហើយ​ដោយសារ​តែ​ជោគវាសនា​របស់​សត្វឆ្មារ​ត្រូវ​ផ្សាភ្ជាប់​នឹង​អាតូម ដូច្នេះ សត្វឆ្មារ​ក៏​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាពពីរ​ក្នុងពេលតែមួយ​ដូចគ្នា គឺ​ស្លាប់ផង និង​នៅ​រស់​ផង។ រហូត​ទាល់តែ​ដល់​ពេល​ដែល​គេ​បើក​ហឹបនោះមើល ទើប​គេ​ឃើញឆ្មារស្លាប់ ឬ​ឆ្មារនៅរស់។

ស្ថានភាព Superposition គឺ ឆ្មារ​អាច​នៅរស់ផង និង​ស្លាប់ផង ក្នុងពេលតែមួយ​នេះហើយ ដែល​ជា​រឿង​ដ៏​សែនចម្លែក ដែល Erwin Schrödinger គិត​ថា វា​គឺ​ជា​រឿង​ដែល​មិន​សមហេតុផល ហើយ​មិន​អាច​​ទៅរួច៕

...more
View all episodesView all episodes
Download on the App Store

ប្រវត្តិសាស្រ្តពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like ប្រវត្តិសាស្រ្តពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

15 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners