ថ្ងៃសុក្រទី២៨មេសា សម្តេចប៉ាប ហ្វ្រង់ស្វ័រ ប្រមុខសង្ឃកាតូលិក បានយាងទៅដល់ទីក្រុងប៊ូដាប៉េសត៍ ប្រទេសហុងគ្រី ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ។ កន្លងមក យើងបានសង្កេតឃើញថា សម្តេចប៉ាបហ្វ្រង់ស្វ័រ និងលោកវិកទ័រ អកបាន នាយករដ្ឋមន្ត្រីហុងគ្រី មានទំនោរមិនស្របគ្នាទេ ទាក់ទិននឹងសំណុំរឿងជនភៀសខ្លួន។ តែយ៉ាងណា អ្នកវិភាគជឿថា តាមរយៈទស្សនកិច្ចនាពេលនេះ គឺសម្តេចប៉ាប ទំនងជាចង់រួមកម្លាំងជាមួយលោកនាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីអំពាវនាវ ឲ្យមានការស្តារសន្តិភាពនៅអ៊ុយក្រែន ជាជាងការប្រគល់អាវុធឲ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាម ដូចអ្វីដែលក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិចកំពុងតែធ្វើនោះ។