ប្រធានាធិបតីបារាំង លោកម៉ាក្រុងប្រញាប់ត្រលប់ពីជំនួបកំពូលអឺរ៉ុប នៅទីក្រុងព្រុចសែល នៅថ្ងៃសុក្រនេះ ដើម្បីកោះប្រជុំបន្ទាន់រដ្ឋាភិបាល នៅបន្ទាប់ពីអំពើហិង្សា អនាធិបតេយ្យ ដុតរថយន្ត អគារ ទ្រព្យសម្បត្តិសាធារណៈ ផ្ទុះកក្រើក បីយប់ជាប់ៗគ្នា នៅទូទាំងប្រទេសបារាំង។ បារាំងជួបអំពើហិង្សាដែលផ្ទុះកើតចេញមកពីកំហឹងរបស់ប្រជាជនជាយក្រុង នៅក្រោយយុវជនអាយុ១៧ឆ្នាំ ឈ្មោះ ណាអែលត្រូវប៉ូលិសបាញ់សម្លាប់ នៅក្នុងពេលត្រួតពិនិត្យ ចរាចរណ៍ កាលពីថ្ងៃអង្គារ។ ប្រធានាធិបតីបារាំងកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយវិបត្តិ ដែលគេកំពុងបារម្ភខ្លាចថា នឹងអាចរាលដាលទៅជាកុប្បកម្មទ្រង់ទ្រាយធំ ដូចកាលឆ្នាំ ២០០៥ ឆ្នាំដែលបារាំងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ជាលើកទី១ គិតចាប់តាំង សង្រ្គាមបារាំង នៅអាល់ហ្សេរី។