ថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានសម្រេចលើកទ័ពវាយប្រហារឈ្លានពានអ៊ុយក្រែន។ នៅពេលដំបូង ដែលសង្គ្រាមនេះបានផ្ទុះឡើង គ្មាននរណាម្នាក់ នឹកស្មានដល់ទេ ថាអ៊ុយក្រែនអាចមានសមត្ថភាពទប់នឹងកម្លាំងកងទ័ពដ៏ធំ ព្រមទាំងគ្រឿងសព្វាវុធដ៏ច្រើនសន្ធឹករបស់រុស្ស៊ី។ តែគិតមកត្រឹមពេលនេះ សង្គ្រាមនេះបានអូសបន្លាយរយៈពេល១ឆ្នាំហើយ ហើយកងទ័ពអ៊ុយក្រែន បានបង្ហាញឲ្យពិភពលោកឃើញ នូវភាពអំណត់ សេចក្តីក្លាហាន តស៊ូប្រយុទ្ធ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ កម្លាំងទប់ទល់របស់កងទ័ពអ៊ុយក្រែននេះ ក៏ជាលទ្ធផលនៃជំនួយគ្រឿងសព្វាវុធជាច្រើនផងដែរ ពីសំណាក់ក្រុមប្រទេសសម្ព័ន្ធមិត្តលោកខាងលិច។