នាទីសុខភាពនិងអនាម័យ

ភេសជ្ជៈផ្អែមអាច​ជា​គ្រោះថ្នាក់យ៉ាងណា​ចំពោះ​សុខភាព?


Listen Later

រឿង​អាស្រូវ​ក្មេងជា​ច្រើន​នាក់ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម បាន​បំផុសមតិ​សាធារណៈ​ឱ្យ​ចាប់អារម្មណ៍​អំពីគ្រោះ​ថ្នាក់​នៃ​​​ទទួលទាន​ភេសជ្ជៈ​ផ្អែមច្រើន និង​អាហារ​មាន​ជាតិ​ស្ករខ្ពស់។ តើ​ស្ករ​ពិត​ជា​អាច​បង្កបញ្ហា​ដល់សុខភាព​មែនឬ? ភេសជ្ជៈ​ផ្អែម ដែល​ខ្មែរ​មានទម្លាប់​ហៅ​ថា​ទឹកក្រូច​កំប៉ុង​នោះបំផ្លាញ​សុខភាពយ៉ាងណា?

មាន​ហ្កាស អត់​ហ្កាស ​មានពណ៌ មាន​ក្លិន មាន​រសជាតិ​ផ្លែឈើផ្សេងៗ ភេសជ្ជៈផ្អែម​​ ភេសជ្ជៈកំប៉ុង ឬ​ដប ​ជា​​ទីពេញ​និយម​សម្រាប់មនុស្ស​គ្រប់​វ័យ​មិន​ថា​ចាស់​ឬ​ក្មេង​ និង​ស្ទើរ​មិន​អាច​ខ្វះ​បាន​នៅ​ពេល​មាន​បុណ្យ និងការ​ជួប​ជុំ​រីករាយទទួល​ទាន​អាហារ​ជុំ​គ្នា​ម្តងៗ។ ភេសជ្ជៈ​ពេញ​និយម​ខ្លាំង ​រហូតអ្នក​​ខ្លះ​មិន​អាច​អត់​បាន​ ព្រោះ​ភេសជ្ជៈ​ផ្អែម មាន​ជាតិ​ស្ករ​ ងាយផ្តល់​ភាព​ញៀនណាស់។

ក្រៅ​អំពី​នាំ​ឱ្យ​ញៀន បាន​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត ភេសជ្ជៈ​ផ្អែម​នេះ​អាច​ប៉ះពាល់​ដល់​សុខភាពខ្លាំងណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាលពី​ថ្ងៃទី​៣​កុម្ភៈ២០២៥​​ សភា​បារាំង​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​ដំឡើង​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែមបន្ថែម​ទៀត​ ដើម្បី​បង្កើន​ថវិកា​ក្នុង​ហិប​ធានារ៉ាប់​រង​សង្គមផង និង​ដើម្បី​បំបាក់​ទឹក​ចិត្ត​​ក្រុម​ហ៊ុន​ឧស្សាហកម្ម​កុំ​ឱ្យ​បន្ថែម​ស្ករ​ក្នុង​ភេសជ្ជៈ។ គោលការណ៍​នៃ​​ការ​យក​ពន្ធ​លើ​ភេសជ្ជៈផ្អែម ដែល​មាន​ឈ្មោះ​ថា​​ “ពន្ធសូដា” គឺ បើ​ភេសជ្ជៈមាន​កំរិត​​​ជាតិ​ស្ករ​កាន់​តែច្រើន ពន្ធ​លើ​ភេសជ្ជៈ​នោះ​កាន់​តែ​ខ្ពស់។ កាលពី​ឆ្នាំ​២០២៣ រដ្ឋបារាំង​ប្រមូល​ពន្ធ​ពី​ភេសជ្ជៈ​ផ្អែម បាន​ប្រមាណ​៤៤៣​លាន​អឺរ៉ូ។ ជាមួយ​ច្បាប់​ថ្មី ចំណូល​ពន្ធ​សូដា នឹង​ឡើង​បាន​​​៣០០លាន​បន្ថែម​ទៀត​ នៅ​ឆ្នាំ​២០២៥។

ដូច្នេះពន្ធ​សូដា ជា​ដំណឹង​ល្អ​សម្រាប់​សុខភាព? ក្នុង​ន័យធៀប​ ​ហិប​រដ្ឋបាន​ចំណូល​ច្រើនជាង​មុន ឯ​ក្នុង​ន័យ​ចំ បើ​ភេសជ្ជៈ​កំប៉ុង​លែង​សូវ​មាន​ជាតិ​ស្ករ សុខភាពរបស់​អ្នក​បរិភោគ​ក៏​ប្រសើរ​ទៅ​តាម​ទៅ​នោះ។ ការ​បរិភោគ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ទាប មិន​ផ្អែម ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ ទឹក​នោម​ផ្អែម​ផង​ ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង និង​ជំងឺ​មហារីក​​​ទៀត។

បារាំង​មាន​ពន្ធ​សូដា តាំងពី​ឆ្នាំ​២០១២​មក និង​ធ្លាប់​ដំឡើង​ម្តង​កាលពី​ឆ្នាំ​២០១៨។ សមាជិក​សភា​ រង់​ចាំ​របាយការណ៍​​​វាយ​តម្លៃ​អំពី​ឥទ្ធិពល​នៃ​ការ​ដំឡើង​ពន្ធ​សូដានៅ​ឡើយ។ ប៉ុន្តែ​ ខាង​សមាគមអ្នក​បរិភោគ​និងសេដ្ឋវិទូ​ បាន​សិក្សា​អង្កេត​ឃើញ​ថា​ការ​ដំឡើង​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម​ អាច​កាត់​បន្ថយ​ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​នេះ​ បាន​យ៉ាង​ហោច​២​គីឡូក្រាម ទៅ​៥​គីឡូក្រាម​​ក្នុង​មួយ​ឆ្នាំ ជា​មធ្យម  ពោល​គឺ​កាត់​បន្ថយ​ជាតិ​ស្ករ​បាន​បី​ស្លាបព្រា​កាហ្វេ ក្នុង​មួយ​ថ្ងៃ សម្រាប់​ប្រជាពលរដ្ឋ​​ពេញ​វ័យ ចំនួន​៥%​ដែល​​មាន​អាការៈ​ធាត់​ជ្រុល។

នៅ​សហរដ្ឋ​អាមេរិក​ ពន្ធសូដាមាន​​ឥទ្ធិពលខ្លាំង​​។ អាជ្ញាធរ​សង្កេត​ឃើញថា​​ការ​បរិភោគ​ភេសជ្ជៈ​ផ្អែម​បាន​ធ្លាក់​ចុះ​អស់​៣៣% នៅពេលតម្លៃ​​ពន្ធ​សូដា ឡើង​៣៣%។

នៅ​កម្ពុជា គ្រោះថ្នាក់​នៃ​ភេសជ្ជៈ​ផ្អែម គ្រឿង​កំប៉ុង ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ក្នុង​ចំណោម​មតិសាធារណៈ បន្ទាប់​ពី រក​ឃើញ​ករណី​ក្មេង​ធ្លាក់​ខ្លួន​ឈឺ ជំងឺ​ទឹក​នោម​ផ្អែម ​ជា​បន្ត​បន្ទាប់​ ដោយ​ហេតុ​សង្ស័យ​ថា​មក​ពី​ទទួល​ទាន​ទឹក​ផ្អែម​ច្រើន​ពេក។

តើ​ភេសជ្ជៈ​ផ្អែម ជា​អ្វី?

ភេសជ្ជៈ​ផ្អែម ឬ​គ្រឿង​កំប៉ុង ឬ​ទឹកក្រូច​កំប៉ុង​ គឺ​ជា​ល្បាយរាវ ដែល​ផ្សំ​ជា​គោលការណ៍ ដោយ​​ទឹក ជាមួយស្ករ និង​ក្លិន​រុក្ខជាតិ ឬ​ផ្លែឈើ ជួន​មាន​ហ្កាស ជួន​អត់។ សមាសធាតុ​ផ្សំ​នៃភេសជ្ជៈ​នីមួយៗ ​ខុសគ្នានិង​ ប្រែប្រួល ទៅពី​ភេសជ្ជៈ​មួយទៅភេសជ្ជៈ​មួយ ពីម៉ាកមួយទៅម៉ាកមួយ។ ប៉ុន្តែ​ ​កំរិត​ជាតិ​ស្ករ​​មាន​ប្រហាក់ប្រហែល​គ្នា​ទាំងអស់។ ក្នុង​មួយ​​កំប៉ុង​៣៣សង់ទីលីត្រ គេ​តែង​ដាក់​ស្ករ​ជា​មធ្យម​ក្នុង​​​កំរិត៣០ក្រាម ឬ​ត្រូវ​ជា​៦​ដុំ​ការ៉េ​ស្ករ។ ភេសជ្ជផ្អែម​នេះ​ គ្មាន​ផ្ទុក​សោះ​ឡើយ ជាតិ​ខ្លាញ់ ជាតិ​វីតាមីន និង​ក៏​គ្មាន​ដែរ​ជាតិ​ប្រូតេអ៊ីន។ សម្រាប់​អ្នក​ជំនាញ​សុខភាព ភេសជ្ជៈ​ផ្អែម ជា​អាហារ​ដែល​មាន​តែ​កាឡូរីទទេ ឬ​ជា​​អាហារ​ដែល​គ្មាន​ផ្តល់​​អាហារូបត្ថម្ភ​ឬ​មីក្រូ​អាហារូបត្ថម្ភ​ ប្រកប​ដោយ​អត្ថ​ប្រយោជន៍ដល់​សរីរាង្គកាយ​សោះ។​

ជាតិ​​ផ្អែម​មាន​ឥទ្ធិពល​លើ​​សរីរាង្គកាយ​​យ៉ាងណា?

សរីរាង្គកាយមនុស្ស​ត្រូវ​ការ​ជាតិ​ស្ករ​ប្រមាណ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើតាម​អនុសាសន៍​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក​។ ដូច្នេះ​បើ​អ្នក​ទទួលទាន​ភេសជ្ជៈ​ផ្អែមតែ​​មួយ​កំប៉ុង​៣៣​សង់ទីលីត្រ ដែល​មាន​ស្ករដល់​ទៅ​ ៣០​ក្រាម នោះ​មាន​ន័យ​ថាសរីរាង្គកាយ​អ្នក​បាន​ទទួល​ជាតិ​ស្ករ​លើស​​កំរិត​ចាំបាច់​ប្រចាំ​ថ្ងៃ​បាត់​ទៅហើយ។ ហើយ​ស្ករ​ក្នុង​ភេសជ្ជៈ​ផ្អែម​ មិនមែន​ជា​ពពួក​ស្ករ​ល្អ ក្លុយកូស​ទេ តែ​ជា​ស្ករ​ចម្រាញ់ដែល​គ្មាន​គុណសម្បត្តិ​ល្អ​ដូច​ស្ករ​ធម្មជាតិ​ទេ ព្រោះ​វា​មាន​តែ​កាឡូរី តែ​គ្មាន​វីតាមីន​និង​ជាតិ​រ៉ែ​​ទេ។

ការ​​បរិភោគ​ទឹក​ផ្អែម គ្រឿង​កំប៉ុង ដូច​ជា​កូកា ហ្វាន់តា ស្ព្រៃ កូឡា និង​​ទឹក​ផ្លែឈើ​គាបច្របាច់ផង​ មាន​ន័យ​ថា​អ្នក​ទទួល​ទាន​ស្ករ​ក្នុង​បរិមាណ​ដ៏​ច្រើននិង​ដែល​ជ្រាប​ចូល​យ៉ាង​លឿន​​ ទៅ​ក្នុង​សរីរាង្គកាយ​។ លំហូរ​ជាតិ​ស្ករ​យ៉ាង​ច្រើនបែប​នេះមិន​ល្អ​ទេ​សម្រាប់​រាងកាយ​ អ៊ីចឹង​ហើយ​បាន​ជា​សរីរាង្គ​ (ប្រព័ន្ធការពារខ្លួន) ធ្វើ​សកម្ម​ភាពតតាំង​ដើម្បីការពារខ្លួន។ លំពែង​ផ្តើម​ដំណើរការប្រឆាំង​មុន​គេ​ និង​ប្រឹង​បំប្លែង​ស្ករ​ស្រូប​ចូលនោះ​ឱ្យទៅ​ជា​ខ្លាញ់ ដើម្បី​​​ចាត់​ចែងធ្វើ​យ៉ាងណា​​រក្សា​អត្រា​ជាតិ​ក្លុយកូសក្នុង​ឈាម​ ឱ្យ​ស្ថិត​នៅក្នុង​កំរិត​សមរម្យ។ បន្ទាប់​មក​ ​ជាតិ​ស្ករដ៏​ច្រើនលើសលុប នឹង​ទៅគផ្តុំ​នៅ​ក្នុងថ្លើម។ តែថ្លើមក៏​មាន​សមត្ថភាព​ទទួល​មានកំរិត​ដែរ។ ថ្លើម​អាច​ស្រូប​និង​​បំប្លែងស្ករ​ទៅចិញ្ចឹម​រាងកាយ​ ក្នុង​មួយ​ថ្ងៃៗ បើ​តាមអនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក ប្រមាណ​តែ​២៥​ក្រាម​តែប៉ុណ្ណោះ បើ​ហួស​ពី​នេះ ថ្លើម​មិនអាច​ធានា​រ៉ាប់​រង​បាន​ទេ។ ដូច្នេះ​ជាតិ​ស្ករ​ដែល​បំប្លែង​ទៅខ្លាញ់ នឹង​ទៅ​ជ្រក​កោន​នៅ​កន្លែង​ផ្សេង ជាក់ស្តែង​នៅ​ត្រង់​ពោះ នៅ​ក្រោម​ស្បែក។ នេះ​ជា​ហេតុផល​ដែល​យូរៗ​ទៅ​អ្នក​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម អាហារ​ផ្អែម​ ដុះ​ក្បាលពោះ និងធាត់ ហើយមាន​ជំងឺ​ធាត់​- ធាត់​ជ្រុល។

តើ​ភេសជ្ជៈ​ផ្អែម​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​យ៉ាងណា?

នៅក្នុង​យន្តការ​ចាត់​ចែង​កំរិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម ប្រឈម​នឹង​លំហូរ​បរិមាណ​ជាតិ​ស្ករ​ដ៏​ច្រើនទៅ​ក្នុង​​​លំពែង​ប្រឹង​ផលិត​អាំងស៊ុយលីនច្រើន​ណាស់។ ការ​ប្រឹង​ផលិត​អាំងស៊ុយលីនច្រើន​ហួស​ហេតុ​ បានបង្ក​ផលវិបាកទៅ​ថ្ងៃ​ក្រោយ​ គឺ​​សរីរាង្គកាយ​នឹងមាន​ដំណើរការ​ខុស​ចង្វាក់។ ខុស​ បន្តិចម្តងៗ និង​យូរៗ ទៅ​ សរីរាង្គកាយ​នឹងមាន​ភាព​ស៊ាំនឹង​អាំងស៊ុយលីន ដែល​ជា​បាតុភូត​នាំ​ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ​លេច​ឡើង។

អ្នក​ទទួល​ទាន​ភេសជ្ជៈផ្អែម​​ជា​ប្រចាំ​រាល់​ថ្ងៃ ក៏​ប្រឈម​នឹង​គ្រោះ​ធ្លាក់​ខ្លួន​ឈឹ ជំងឺសរសៃ​ឈាម​បេះ​ដូង​ទៀត ព្រោះ ស្ករ​ដែល​បំប្លែងទៅ​ជា​ខ្លាញ់ និង​សល់ នាំគ្នា​ទៅ​ស្តុក​ទុក​គលើ​ផ្នែក​ផ្សេងៗ​ពេញ​ខ្លួនប្រាណ​ រាប់​ទាំង​សរសៃ​ឈាម​អាទែផង។ ដូច្នេះ​សរសៃ​ឈាម​អាច​នឹង​ត្រូវ​ស្ទះ​ដោយ​កំណក​ខ្លាញ់ ដែល​ទៅ​សម្រួល​ឱ្យ​មាន​ជំងឺលើសឈាម និង​គ្រោះ​ថ្នាក់​ស្ទះ​ឬ​ដាច់សរសៃ​ឈាម​។​ ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ Harvard បាន​រក​ឃើញ​ថា​ ​ចំណង​ទាក់ទង​ខ្លាំង​រវាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​និង​ហានិភ័យ​មាន​ជំងឺបេះដូង​។

ភេសជ្ជៈ​ផ្អែម​ គ្មាន​ចំណុច​ល្អ​ទេ។ វិទ្យាស្ថានសុខភាព​និង​ការ​​ស្រាវជ្រាវវេជ្ជសាស្ត្របារាំង បាន​ប្រៀប​ប្រដូច​គ្រោះ​ថ្នាក់​នៃ​ភេសជ្ជៈផ្អែម ថា​មាន​លក្ខណៈ​ប្រហាក់ប្រហែលនឹង​ការ​ផឹក​សុរាដែរ។ ដូច​អ្នក​ប្រមឹក អ្នក​ចូល​ចិត្ត​ភេសជ្ជៈ​ផ្អែមត្រូវ​ប្រឈម​នឹង​គ្រោះកើត​ជំងឺខ្លាញ់​ក្នុង​ថ្លើម​ ឬជំងឺសូដា។ ជំងឺ​សូដា ជា​ជំងឺ​ថ្លើម​ដែល​មិន​បណ្តាល​មក​ពី​អាល់កុល​ តែ​ដែល​អាច​នាំ​ឱ្យ​មានការ​លូតលាស់​រាលដាល​ទៅ​ជំងឺ​ក្រិនថ្លើម​ រួច​ទៅ​ជំងឺ​មហារីកថ្លើម​បានដូច​គ្នា។ ផឹក​សូដា​ពីរ​កែវ​ក្នុង​ថ្ងៃ បង្កើន៩០%គ្រោះ​កើត​ជំងឺមហារីក​លំពែង​ ព្រោះ​ដូច​ថ្លើម នៅពេល​​ប្រឹង​ធ្វើ​ការ​ហួស​សមត្ថភាព​ លំពេង​​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ ទើប​បង្ក​​មាន​ជំងឺ​ទឹកនោមផ្អែម និង​សម្រួល​លូត​លាស់​នៃកោសិកាមហារីក។

ទទួលទាន​ភេសជ្ជៈផ្អែម​នឹង​ធ្វើ​ឱ្យ​អ្នកកើត​រោគញៀន។ មាន​សកម្មភាព​ដូច​គ្រឿង​ញៀន ដូច​បារី និង​អាល់កុល ភេសជ្ជៈផ្អែមនេះ​នឹង​ទៅ​ភ្ញោចចរន្ត​​ប្រព័ន្ធ​ប្រសាទ​ផ្នែកអំណរ​រីក​រាយ​ពេល​បាន​ទទួល​អ្វីមួយ ដោយ​បញ្ចេញ​អ័រមូន​ដូប៉ាមីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ក៏​ចាត់​ទុក​ជាតិស្ករ​ថា​មាន​ឥទ្ធិពលធ្វើ​ឱ្យ​ញៀនខ្លាំង​ក្នុង​កំរិត​សមត្ថភាព​ដូច​អាភៀនកូកាអ៊ីន។ នៅ​ពេល​ភាព​ឆ្ងាញ់ និង​ជាតិស្ករ​ជ្រាបចូលអស់​ក្នុង​សរីរាង្គ ចំណង់​ស្រេក​ភេសជ្ជៈផ្អែមមួយ​កែវទៀត​​នឹង​លេច​ឡើង​ភ្លាម។

​ដូច​បានជម្រាប​ពី​ខាង​ដើម ភេសជ្ជៈ​ផ្អែមគ្មានផ្ទុក​សារធាតុ​រ៉ែ​ចិញ្ចឹម​សោះ តែ​វា​អាច​កម្ចាត់​ជាតិ​រ៉ែ ជាពិសេសរ៉ែ​កាល់ស្យូម​ដ៏​ល្អចាំបាច់​សម្រាប់​ភាពរឹង​មាំ​នៃ​ឆ្អឹង។ និយាយ​ឱ្យ​ចំ ភេសជ្ជៈផ្អែម​ចូលរួម​ចំណែក​ធ្វើ​មាន​ជំងឺ​ពុកឆ្អឹង និង​ដង្កូវ​ស៊ីធ្មេញ​។ ក្រៅ​អំពីសុខភាព​ផ្លូវកាយ ភេសជ្ជៈ​អាច​រំខាន​ដល់​ឥរិយាបថ​និង​អត្តចរិក​របស់​ក្មេង។ ការសិក្សានៅឆ្នាំ​២០១៣​​មួយ​បានបង្ហាញ​ថា កុមារ​និង​ក្មេង​ជំទង់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ មួយកំប៉ុង​ក្នុង​មួយ​ថ្ងៃ ​មាន​អត្តចរិក​កាច​​និង​ច្រងេងច្រងាង​ខ្លាំង ជាង​ក្មេង​មិនផឹក​ទឹក​ផ្អែម​សោះ និង​មានបញ្ហាផ្ចង់​អារម្មណ៍​បើផឹក​លើស​ពីមួយកំប៉ុង​ក្នុងមួយ​ថ្ងៃ។

ភេសជ្ជៈ​Light និង​ដក​ជាតិ​ស្ករ​នៅ​០% អាច​ល្អ​សម្រាប់​សុខភាព?

ដោយហេតុ​តែ​សម្រែក​រិះគន់​ លើកឡើងអំពី​គ្រោះ​ថ្នាក់​នៃ​ជាតិផ្អែម ជាតិស្ករ ក្រុមហ៊ុន​ឧស្សាហកម្ម​អ្នក​ផលិត​សូដា បាន​សិក្សា​រក​គំនិត​ថ្មី ផលិតផល​ថ្មី​ មិន​សូវ​គ្រោះថ្នាក់ ហើយ​មិន​សូវ​បង់ពន្ធ។ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​កំប៉ុង​ច្រើន​ម៉ាក ច្រើន​មុខ​ណាស់ដាក់ផ្លាក​ថា​គ្មាន​ជាតិ​ស្ករ ឬ​ស្ករ០% ឬ​ភេសជ្ជៈឡាយ។ ភេសជ្ជៈ​Light ឬ​គ្មាន​ជាតិ​ស្ករ​នេះ ផលិត​ឡើង​ដោយ​ដក​ស្ករ​ចេញ​ហើយ​ដាក់ជំនួស​មកវិញ​នូវ​សារធាតុ​ édulcorants ដែល​ផ្តល់​រសជាតិផ្អែម។ ប៉ុន្តែ​ភេសជ្ជៈ​នៅ​តែ​ផ្អែម និង​ផ្តល់​ភាពញៀន​ឃ្លាន​ចង់​ឱ្យ​បរិភោគថែមទៀតដដែល។ ជាងនេះ​ទៅ​ទៀត នៅក្នុង​ចំណោម​សារធាតុដែល​ឧស្សាហកម្មប្រើដើម្បី​លើក​រសជាតិ​ផ្អែម មាន​ខ្លះ​ជា​ប់ក្នុង​បញ្ជីខ្មៅរបស់​ទីភ្នាក់ងារអន្តរជាតិផ្នែកស្រាវជ្រាវ​ជំងឺ​មហារីក នៃអង្គការ​សុខភាពពិភពលោក ជា​​​​សារធាតុ ដែល​អាច​បង្ក​ជំងឺ​មហារីកផង។ ​សារធាតុ​ Aspartame ដែល​មានប្រើច្រើន​ក្នុង​ភេសជ្ជៈLight សម្រាប់​ជំនួស​ជាតិ​ស្ករ ជាប់​​សង្ស័យ​ខ្លាំងជាងគេ។ ដូច្នេះគ្មាន​អ្វី​ត្រូវ​រីករាយ​នឹង​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​បែប​ឧស្សាហកម្មនេះទេ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
TED Talks Daily by TED

TED Talks Daily

11,153 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

Learning English For Work by BBC News

Learning English For Work

42 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners