លោក ពីន សំខុន ដែលមានវ័យជាង៧០ឆ្នាំទៅហើយ កាលពីពេលថ្មីៗនេះ បានប្រកាសចូលប្រឡូកនឹងកិច្ចការនយោបាយឡើងវិញ បន្ទាប់ពីលោកស្ថិតនៅស្ងាត់ស្ងៀមអស់រយៈពេល២ទសវត្សរ៍។ លោកជាអតីតប្រធានសមាគមអ្នកកាសែតខ្មែរ និងជាអតីតប្រធានវិទ្យុអាស៊ីសេរីជាខេមរភាសា ក្រោយមកជាអ្នកនយោបាយមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។ តាមលោក ពីន សំខុន ការដែលលោកចូលប្រឡូកក្នុងឆាកនយោបាយ តាមរយៈគណបក្សកែទម្រង់កម្ពុជា ដែលមានលោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិកនោះ គឺដោយសារតែប្រទេសកម្ពុជាមួយរយៈនេះ មិនមានគណបក្សប្រឆាំង ដើម្បីតទល់ជាមួយបក្សកាន់អំណាច ក្នុងការនាំយកមកវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្ស។