ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការច្រានចោល សំណើរបស់ម្ចាស់រថយន្តធុនធំ ដោយមិនអនុញ្ញាតឲ្យពួកគេដឹកលើសទម្ងន់នោះទេ ហើយក្រសួងនៅតែបន្ដឃាត់រថយន្តទុករយៈពេល១ឆ្នាំ ចំពោះរថយន្ដទាំងឡាយណា ដែលផ្ទុកលើសទម្ងន់ចាប់ពី ២០%ឡើងទៅ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់បន្ថែមថា ក្រសួងសាធារណការ បានថ្លឹងថ្លែងរួចហើយចំពោះបញ្ហានេះ ពោលគឺបើក្រសួងយល់ស្របតាមការស្នើសុំរបស់អ្នកបើកបរ ឬម្ចាស់យានយន្តធុនធ្ងន់ ដែលស្នើសុំផ្ទុកបន្ថែមពី៩តោន ទៅ១៥តោននោះ គឺខុសនឹងគោលការណ៍ច្បាប់ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជនដ៏ធំធេងផងដែរ។