តាំងពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទព្រំដែនជាមួយថៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩មក ពលករខ្មែរជាច្រើននាក់បាននាំគ្នាសម្រុកទៅកកស្ទះនៅតំបន់ព្រំដែន ក្នុងគោលបំណងវិលចូលកម្ពុជាវិញភ្លាម នៅពេលមានការបើកព្រំដែនឡើងវិញ។ លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលពលករខ្មែរមកប្រមូលផ្តុំគ្នាដូច្នេះ គឺដោយសារតែពួកគេខ្លាចឆ្លងជំងឺកូវីដ១៩ និងកំពុងខ្វះខាតស្បៀងអាហារសម្រាប់បរិភោគ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបើកព្រំដែនឡើងវិញ ហើយកាន់តែឆាប់ទៀតនោះ វានឹងជួយដោះស្រាយបញ្ហារបស់ពលករទាំងអស់នេះ។