តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃទី១៦ខែសីហា ខាងមុខនេះ នឹងបើកសវនាការលើបណ្តឹងសារទុក្ខ ដែលស្នើឡើងដោយជនជាប់ចោទ ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ ដោយលោកស្នើសុំច្រានចោលទោសទណ្ឌនានា ដែលតុលាការបានផ្តន្ទាលើរូបគាត់កន្លងមក។ សវនាការនេះ នឹងគ្រោងធ្វើឡើងរយៈពេល៤ថ្ងៃ ដោយអនុវត្តទៅតាមបទដ្ឋានសុខាភិបាលជាក់លាក់ ក្នុងបរិបទនៃការរាត្បាតជំងឺកូវីដ-១៩នេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានថ្លែងឲ្យដឹងថា ជនជាប់ចោទ លោក ខៀវ សំផន អាយុ ៩១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២ដូសហើយនោះ មានសុខភាពល្អជាទេ និងត្រៀមចូលរួមសវនាការផ្តាច់ព្រ័ត្រនេះ មិនឲ្យខកខានឡើយ។