ចាប់តាំងពីឆ្នាំ ២០០៨មក ប្រទេសកម្ពុជា បានបញ្ជូននិស្សិតសរុបជាង១ពាន់នាក់ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដែលល្បីល្បាញខាងវិស័យកសិកម្ម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ថ្លែងឲ្យដឹងថា ការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សាផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែលជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោមជំនួយទំនុកបម្រុងពីរដ្ឋាភិបាលអ៊ីស្រាអែល តាមរយៈក្រុមហ៊ុននានា។ លោករដ្ឋមន្ត្រីបញ្ជាក់ថា និស្សិតដែលបញ្ចប់កម្មសិក្សានៅអ៊ីស្រាអែល គឺជាធនធានមនុស្សដ៏មានគុណភាព និងចាំបាច់នៅក្នុងវិស័យកសិកម្មកម្ពុជា ខណៈដែលកម្ពុជាកំពុងប្រឹងប្រែងអភិវឌ្ឍន៍កសិកម្មរបស់ខ្លួន។