ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃពុធម្សិលមិញនេះ បានសម្រេចបិទខ្ទប់ខេត្តចំនួន៨នៅតាមបណ្តោយព្រំដែនជាមួយថៃ និងបិទព្រំដែនជាមួយប្រទេសថៃថែមទៀត ដើម្បីទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស គឺវីរុសបំប្លែងខ្លួនថ្មីDelta ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានសម្រេចឱ្យពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ។ លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពន្យល់ថា វិធានការរបស់រដ្ឋាភិបាលកម្ពុជាទាំងអស់នេះ គឺជារឿងចាំបាច់ណាស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងចូលក្នុងសហគមន៍ ហើយឈានចូលទៅដល់បន្ទាត់ក្រហមហើយ។