រដ្ឋាភិបាលកម្ពុជាបានប្រកាសគ្រោងចំណាយថវិកាជិត១,៥ពាន់លានដុល្លារអាមេរិកសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩នៅក្នុងឆ្នាំ២០២១ និងត្រៀមកញ្ចប់ថវិកាជិត១ពាន់លានដុល្លារទៀតសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២២។ លោកប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានកត់សម្គាល់ថា ការប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋាភិបាលកន្លងមក គឺមានប្រសិទ្ធភាពគួរសមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ទាក់ទងនឹងបញ្ហាស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយស្ថានភាពកូវីដ១៩បានធូរសា្រលនោះ លោកប៉ិច ពិសី បានអះអាងថា នឹងធ្វើឡើងបានលឿន និងមានប្រសិទ្ធភាព ប្រសិនបើរដ្ឋាភិបាលអាចកាត់បន្ថយអំពើពុករលួយ និងភាពមិនប្រក្រតីនៅតាមស្ថាប័នសាធារណៈមួយចំនួនបាន។