ថ្ងៃចន្ទនេះ គឺជាទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៧ និងលើកទី១៧នៅកម្ពុជា។ នៅថ្ងៃនេះ ជនជាតិដើមភាគតិចនៅកម្ពុជាបានរៀបចំកម្មវិធីអបអសាទរ ដោយបើកកិច្ចប្រជុំជជែកពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូZOOM ក្រោមប្រធានបទ«រដ្ឋាភិបាលពិភពលោកនឹងមិនបោះបង់ចោលនរណាម្នាក់ឡើយ៖ជនជាតិដើមភាគតិច និងការទាមទារឱ្យមានកិច្ចគាំពារសង្គមដាច់ដោយឡែក»។ លោកស្រីថុក ញុំ អ្នកសម្របសម្រួលអង្គការជនជាតិដើមភាគតិចអភិវឌ្ឍកសិកម្មនៅកម្ពុជា បានលើកឡើងថា ជនជាតិដើមភាគតិចនៅកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ លោកស្រីគូសបញ្ជាក់ថា បញ្ហាប្រឈមចម្បងជាងគេ គឺការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការចរាចរក៏ដូចជាប្រើប្រាស់គ្រឿងញៀននៅក្នុងតំបន់ដែលជនជាតិដើមភាគតិចរស់នៅ។