ក្នុងពិធីសូត្រធម៌ឆ្លងបុណ្យណូអែលយប់ថ្ងៃទី ២៤ឆ្លងចូលថ្ងៃទី ២៥ធ្នូ ជាប្រពៃណី សម្តេចប៉ាបហ្វ្រង់ស័រ បានអំពាវនាវឱ្យគ្រិស្តសាសនិកជនទាំងអស់ចេះអាណិតអាសូរមនុស្សជាតិ ចេះស្រលាញ់និងពេញចិត្តរបស់បន្តិចបន្តួចដែលខ្លួនមាន និងកុំភ្លេចជនក្រីក្រលំបាក។ ឆ្នាំនេះនិងជាលើកទីពីរ ពិធីបុណ្យណូអែលប្រព្រឹត្តទៅក្នុងបរិបទនៃការគំរាមកំហែងកូវីដយ៉ាងខ្លាំង។ មេរោគកូវីដបំប្លែងខ្លួន អូមីក្រុង បាននិងកំពុង ធ្វើឱ្យពិធីបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល រអាក់រអួលយ៉ាងខ្លាំង។ នៅចំពោះមុខចំនួនអ្នកឆ្លងឡើងដល់កំរិតកំពូល រដ្ឋាភិបាលខ្លះបានបង្ខំចិត្តចាត់វិធានការទាំងក្នុងអំឡុងពេលបុណ្យតែម្តង។