ថ្ងៃចន្ទ ទី២៥កក្កដា ប្រជាពលរដ្ឋទុយនីស៊ី បានចូលរួមបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចចិត្ត ទទួលឬមិនទទួលយករដ្ឋធម្មនុញ្ញថ្មី។ គម្រោងរដ្ឋធម្មនុញ្ញថ្មីនេះ ត្រូវបានផ្តួចផ្តើមនិងតាក់តែងឡើង ដោយលោកប្រធានាធិបតី កាអ៊ីស សាអ៊ីដ (Kais Saied) ដែលលោកម្នាក់នេះអះអាងថា គឺដើម្បីបិទបញ្ចប់វិបត្តិនយោបាយ និងឈានទៅបើកទំព័រសករាជ្យថ្មី ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើន។ តែយ៉ាងណា គណបក្សប្រឆាំង ព្រមទាំងអង្គការសង្គមស៊ីវីល បានសំឡឹងឃើញថា រដ្ឋធម្មនុញ្ញថ្មីនេះ មានខ្លឹមសារប្រមូលផ្តុំអំណាច ឲ្យទៅប្រធានាធិបតីសឹងតែទាំងស្រុង ដែលអាចធ្វើឲ្យទុយណេស៊ី វិលត្រលប់ទៅរករបបផ្តាច់ការឡើងវិញ។