ប្រទេសអង់គ្លេស រួមទាំងប្រទេសសមាជិកនៃសហគមន៍ Commonwealth ទាំងអស់ កំពុងតែកាន់មរណៈទុក្ខ បន្ទាប់ពីការសោយទីវង្គតនៃមហាក្សត្រី អេលីហ្សាបិតទី២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨កញ្ញា។ តាមការគ្រោងទុក ក្នុងកម្មវិធីប្រូតូកូលដ៏តឹងតែងបំផុតនោះ នៅថ្ងៃសោរ៍ទី ១០កញ្ញានេះ គេនឹងប្រកាសការចូលគ្រងរាជសម្បតិ្តជាផ្លូវការ របស់ព្រះមហាក្សត្រថ្មី គឺព្រះអង្គឆាលស៍ទី៣។ ព្រះអង្គឆាលស៍ ដែលមានព្រះជន្ន៧៣ព្រះវស្សា គឺជាបុត្រច្បងរបស់ព្រះមហាក្សត្រីអេលីហ្សាបិតទី២។ ការឡើងគ្រងរាជសម្បតិ្តរបស់ព្រះអង្គឆាលស៍ នាពេលនេះ គឺវាជួនចំពេលដែលប្រទេសអង់គ្លេស កំពុងស្ថិតនៅក្នុងវិបត្តិតានតឹង ទាំងសេដ្ឋកិច្ចនិងនយោបាយ។ ជាងនេះទៀត កន្លងមក ព្រះអង្គមានប្រជាប្រិយភាពតិចខ្លាំងណាស់ នៅក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋអង់គ្លេស។