ប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៣ ខែឧសភាម្សិលមិញ បានប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រួមទាំងប្រមុខស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងរុស្ស៊ី បានឆ្លើយឆ្លងលិខិតរវាងគ្នា ប្រកបដោយន័យសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងការជឿទុកចិត្តគ្នាយ៉ាងមុតម៉ាំ។ ជុំវិញខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ីនេះ អ្នកវិភាគនយោបាយ និងកិច្ចការទំនាក់ទំនងអន្តរជាតិ បានមើលឃើញចំណុចដូចគ្នាថាទំនាក់ទំនងកម្ពុជា និង រុស្ស៊ី បានផ្តោតសំខាន់តែទៅលើរឿងនយោបាយ ច្រើនជាងសេដ្ឋកិច្ច។