នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ គឺគំរប់ខួប៥ឆ្នាំ នៃឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីនៅក្នុងប្រទេសកម្ពុជា។ រយៈពេល៥ឆ្នាំមកនេះ ក្រុមអង្គការសង្គមស៊ីវិល នៅតែបន្តទាមទារឲ្យផ្តល់យុត្តិធម៌ពិតប្រាកដដល់ក្រុមគ្រួសារលោក កែម ឡី បើទោះបីសំណុំរឿងនេះត្រូវបានបិទបញ្ចប់ ដោយតុលាការសម្រេចផ្តន្ទាទោសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ។ ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងដដែលថា វប្បធម៌និទណ្ឌភាពនៅកម្ពុជានៅតែមិនទាន់អាចដោះស្រាយ ខណៈដែលរដ្ឋាភិបាលថា ការលើកឡើងនេះ ជារបៀបវារៈនយោបាយ ជាជាងច្បាប់។