ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ វិច្ឆិកា បានចេញមកច្រានចោលជាបន្តបន្ទាប់នូវព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយជនណាមួយ ឬក្រុមណាមួយ ទាក់ទងនឹងស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ព័ត៌មានក្លែងក្លាយ ដែលត្រូវបានបំផុសឡើងជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម ហើយត្រូវបានគេចែករំលែកតៗគ្នា ដូចជា ករណីស្ថានភាពសុខភាពរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឬករណីឆ្លងទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាដើម។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវអោយប្រជាពលរដ្ឋកុំជឿ និងត្រូវបែងចែកអោយបានច្បាស់នូវព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ មុននឹងធ្វើការចែករំលែក។