ឆ្នាំចាស់២០២០បានកន្លងផុតទៅហើយ តែបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៅកម្ពុជាមើលឃើញថា នៅក្នុងឆ្នាំថ្មីនេះ ស្ថានភាពនយោបាយនៅកម្ពុជាអាចនឹងនៅតែមានស្ថានភាពដូចឆ្នាំចាស់ ពោល គឺពុំមានសញ្ញានៃការសម្របសម្រួលណាមួយឡើយ។ ចំណែក អ្នកតាមដាន និងវិភាគនយោបាយវិញយល់ឃើញថា នៅក្នុងឆ្នាំ២០២១នេះ អ្នកនយោបាយខ្មែរគួរមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ជាតិដោយធ្វើយ៉ាងណាកុំឱ្យមានការដាក់សម្ពាធ ឬទណ្ឌកម្មពីសហគមន៍អន្តរជាតិ។