អស់រយៈពេលជាង៣ខែទៅហើយ ដែលប្រទេសកម្ពុជាមិនអាចបញ្ចប់ព្រឹត្តិការណ៍នៃការឆ្លងជំងឺកូវីដ-១៩សហគមន៍ ២០ កុម្ភៈបានដោយងាយៗ ឬបានតាមការរំពឹងទុក។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានអូសបន្លាយរហូតបច្ចុប្បន្ន ដោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ចាប់ពី៥០០ ទៅ៧០០នាក់ជាង ឬឡើងដល់៨០០នាក់ថ្ងៃខ្លះ នៅតែជាតួលេខមួយខ្ពស់នៅឡើយ។ ដោយឡែកចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ បានបន្តកើនឡើងជារៀងរាល់ថ្ងៃ ដោយថ្ងៃទី០៨ ខែមិថុនាម្សិលមិញ មានអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មានដល់ទៅ១២នាក់។ អ្នកជំនាញផ្នែកសុខភាព និងអ្នកតាមដានសង្គមនានាមើលឃើញថាព្រឹត្តិការណ៍នេះ ទំនងជាពិបាកបញ្ចប់ភ្លាមៗណាស់។