រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៣ ខែឧសភា កន្លងទៅនេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយចាប់អនុវត្តពីថ្ងៃទី០៦ ខែឧសភា ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។ ប្រជាពលរដ្ឋទូទៅ អាចចេញ ចូល ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែរាជរដ្ឋាភិបាលប្រាប់ឱ្យអាជ្ញាធរអនុវត្តវិធានការដដែល ចំពោះតំបន់ទាំង៣ រួមមានតំបន់លឿង លឿងទុំ និងតំបន់ក្រហម។ ជុំវិញចំណាត់ការរបស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពដូច្នេះ ត្រូវគេមើលឃើញថាជាយុទ្ធសាស្ត្រថ្មី ក្នុងន័យថ្លឹងថ្លែងរវាងសេដ្ឋកិច្ច សង្គម និងសុខមាលភាព។