ឥទ្ធិពលនៃកូវីដ១៩ ធ្វើឲ្យការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំនេះ ត្រូវបានលើកពេលម្តងហើយម្តងទៀត ហើយចុងក្រោយនេះ ត្រូវលើកទៅពាក់កណ្តាលខែមករាឆ្នាំ២០២១ ខណៈរៀងរាល់ឆ្នាំការប្រលងបាក់ឌុបត្រូវធ្វើយ៉ាងទៀងទាត់នៅអំឡុងខែសីហា។ ដោយមិនអាចទ្រំទ្រនូវស្ថានភាពបែបនេះបាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលកំពុងរង់ចាំស្វាគមន៍សិស្សជាប់បាក់ឌុបចូលទៅបន្តការសិក្សានៅតាមគ្រឹះស្ថានរបស់ពួកគេរៀងៗខ្លួននោះ កាលពីពេលថ្មីៗនេះ បានលើកជាសំណើរមួយទៅក្រសួងអប់រំដោយមាន២ចំណុច គឺទី១ស្នើសុំឲ្យសិស្សថ្នាក់ទី១២ជាប់ជាស្វ័យប្រវត្តិ ឬមួយទៀតយកពិន្ទុមធ្យមភាគនៃការប្រលងឆមាសថ្នាក់ទី១២ ដើម្បីកំណត់ជាប់ឬធ្លាក់។ ក៏ប៉ុន្តែអ្វីៗស្ថិតនៅជាសេនារីយោនៅឡើយ ថាតើមានដំណោះស្រាយយ៉ាងណា ក្នុងករណីការប្រលងបាក់ឌុបនៅថ្ងៃខាងមុខ នៅតែមិនអាចធ្វើទៅបាន។