ទីផ្សារទាំងតូចទាំងធំជាច្រើន នៅរាជធានីភ្នំពេញត្រូវអាជ្ញាធរប្រកាសបិទជាបន្តបន្ទាប់គ្នា ក្រោយពីរកឃើញថា ទីផ្សារទាំងអស់នោះជាកន្លែងឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏ច្រើនសន្ធឹកសន្ធាប់។ ការបិទទីផ្សារនេះ ត្រូវបានស្វាគមន៍ជាទូទៅ ក្នុងគោលបំណងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក៏ប៉ុន្តែការបិទទីផ្សារ ស្របពេលនឹងការបិទខ្ទប់ការចល័តរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានការលើកឡើងថា រដ្ឋមិនមានយន្តការ ត្រៀមទុកជាមុន ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជាគ្រឿងឧបភោគ បរិភោគ ត្រី សាច់ បន្លែ ជាដើម។ ការបិទផ្សារជាច្រើនបែបនេះ ក៏ជាហេតុផលមួយធ្វើឲ្យទំនិញឡើងថ្លៃដែរ នៅពេលតម្រូវការ មានច្រើនលើសលប់លើការផ្គត់ផ្គង់ បើទោះណាជាអាជ្ញាធរធ្វើការអំពាវនាវកុំឲ្យមានការឡើងថ្លៃក៏ដោយ។