នៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ១៩ ប្រទេសកម្ពុជាត្រូវគេមើលឃើញថាមានចរន្តទេសចរក្នុងស្រុកច្រើនជាងពេលណាៗទាំងអស់ ដោយសារតែការធ្វើទេសចរណ៍ទៅក្រៅប្រទេសមិនអាចប្រព្រឹត្តិទៅបាន។ រមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានកែច្នៃ ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ត្រកាល បានទាក់ទាញអ្នកទេសចរក្នុងស្រុកយ៉ាងខ្លាំង។ ក៏ប៉ុន្តែរឿងមួយដែលធ្វើឲ្យមានការសោកស្តាយនោះគឺ ការចោលសំរាមពាសវាលពាសកាល នៅក្នុងតំបន់ដ៏ស្រស់ត្រកាលទាំងនោះ នៅតែបន្តកើតមាន។ ឥរិយាបទឆ្គាំឆ្គងទាំងនេះ បង្ហាញពីកំរិតយល់ដឹងរបស់ពលរដ្ឋខ្មែរមួយចំនួន នៅតែមិនអាចកែប្រែបាន បើទោះណាជាមានការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ។