មួយរយៈចុងក្រោយនេះ អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់អំពាវនាវដល់អាជ្ញាធរកម្ពុជាកុំប្រើប្រាស់អំពើហិង្សាលើអ្នកតវ៉ា និងឱ្យគោរពសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ មន្រ្តីច្បាប់ និងសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជា បានចោទថា អង្គការសង្គមស៊ីវិលខ្លះជាអង្គការខ្យល់មិនដែលមានសកម្មភាពឡើយ តែឃើញតែចូលរួមក្នុងសេចក្តីថ្លែងការណ៍។ សម្រាប់មន្រ្តីច្បាប់ និងសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជា ការចូលរួមក្នុងសេចក្តីថ្លែងការណ៍បែបនេះ គឺមានភាពមិនប្រក្រតី។ ប៉ុន្តែ មន្រ្តីអង្គការសង្គមស៊ីវិលវិញអះអាងថា ការចូលរួមបែបនេះ គឺជារឿងធម្មតាប៉ុណ្ណោះនៅក្នុងសង្គមប្រជាធិបតេយ្យ។