ការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ-កម្មការិនី នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០២១ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី ១០ តុលា បន្ទាប់ពីបានចរចាអស់រយៈពេលជាច្រើនខែ។ ជាលទ្ធផល ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់២ដុល្លារ សម្រាប់ការតម្លើងប្រាក់ខែគោលរបស់កម្មករពី១៩០ដុល្លារ ដល់១៩២ដុល្លារ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានរក្សាតួលេខចាស់១៩០ដុល្លារដដែល។ យ៉ាងណាក្តី សម្រាប់ភាគីថៅកែរោងចក្របានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ។ ប៉ុន្តែផ្ទុយពីនេះ ភាគីសហជីពវិញបានចាត់ទុកថា ការតម្លើងប្រាក់ឈ្នួលត្រឹម២ដុល្លារនេះ គឺនៅឆ្ងាយពីការរំពឹងទុករបស់ខ្លួន។ តើហេតុអ្វី?