រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធបានដើរតួនាទីនាំមុខគេ នៅក្នុងការស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅភូមា ក្រោយប្រទេសនេះ បានធ្លាក់ទៅក្នុងការប្រឈមមុខគ្នារវាងប្រជាជន និងកងទ័ព ដើម្បីទាមទាឲ្យមានការដោះលែងមេដឹកនាំនយោបាយស៊ីវិល ក្រោយការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកម្ភៈកន្លងទៅ។ ការស្វះស្វែងរបស់ប្រមុខការទូតឥណ្ឌូនេស៊ីនេះ ក៏មានការចូលរួមពីប្រមុខការទូតថៃ និងរដ្ឋមន្ត្រីការបរទេសថ្មីរបស់ភូមា ដែលយោធាទើបតែតែងតាំងផងដែរ។ នៅក្នុងដំណោះស្រាយដើម្បីជួយភូមាឲ្យរួចផុតពីវិបត្តិ ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍សមាជិកអាស៊ានទាំងអស់ តើកម្ពុជាមានការយល់ឃើញយ៉ាងណា ឬក៏បន្តប្រកាន់ជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសមាជិកអាស៊ានឯទៀត?