ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញបានកើនឡើងជាលំដាប់ដែលមកដល់ពេលនេះមានជាង១០០ករណីហើយ។ មិនតែប៉ុណ្ណោះ ការឆ្លងក្នុងសហគមន៍ជាថ្មីនេះ ក៏បានរាលដាលទៅកាន់ខេត្តកណ្តាល និង ខេត្តព្រះសីហនុថែមទៀត។ អ្នកនយោបាយ អ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាសង្គមសុទ្ធតែឱ្យយោបល់ខុសគ្នាលើការគ្រប់គ្រងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍នេះ។ ខ្លះថា រដ្ឋាភិបាលកម្ពុជាគួរតែបិទរាជធានីភ្នំពេញ ឬតំបន់ឆ្លងរាលដាលខ្លាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ជំងឺនេះ។ ប៉ុន្តែ ខ្លះក៏បានលើកឡើងថា ដំណាក់កាលនេះ គឺមិនគួរទាន់ដល់ពេលចាត់វិធានការបែបនេះឡើយ។ ចំណែក អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា បញ្ហាបិទទីក្រុងនេះមិនទាន់ត្រូវបានដាក់ចេញនៅឡើយទេមកដល់ពេលនេះ។