លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា រួមនឹងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ៣រូបទៀតបានបង្ហាញការព្រួយបារម្ភអំពីការអនុវត្តការងារការពារសិទ្ធិមនុស្សរបស់លោកអំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ។ ក្តីព្រួយបារម្ភនេះ ត្រូវបានបង្ហាញឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រីរ៉ូណា ស្មីត កាលពីថ្ងៃទី២៨ ខែកក្កដា ហើយការព្រួយបារម្ភនេះទៀតសោត ធ្វើឡើងបន្ទាប់ពីលោកអំ សំអាត ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមានពីការចាប់ខ្លួនក្រោយពីបានអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ ១៩នៅកម្ពុជា។ ងាកមកនិយាយពីទិដ្ឋភាពរួមវិញ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ តើការអនុវត្តការងាររបស់អ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានភាពរលូនដែរឬទេ? ឬ មានឧបសគ្គមករារាំង?