គិតមកដល់ពេលនេះ អ្នកដែលជាប់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីចំនួន៤នាក់ហើយត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ដូចជាបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល បិទក្លិបហាត់ប្រាណ ហាងខារ៉ាអូខេ ក្លិបកម្សាន្ត ក៏ដូចជាសារៈមន្ទីរជាដើម។ បញ្ហាដែលរដ្ឋាភិបាលកម្ពុជាកំពុងមានកង្វល់ខ្លាំងជាងគេ គឺការធ្វើចត្តាឡីស័ករបស់អ្នកសង្ស័យមិនដិតដល់ និង មិនបានត្រឹមត្រូវ។ ប្រមុខរដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កខ្លួនឯងផងនោះ បានចេញមកអំពាវនាវផង អង្វករផងឱ្យអ្នកដែលជាប់ពាក់ព័ន្ធនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចប់ការរីករាលនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។ ប៉ុន្តែ បើនៅតែមិនបានហ្មត់ចត់ នោះរដ្ឋាភិបាលកម្ពុជានឹងពិចារណាពីការបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៃប្រទេសកម្ពុជា។