មិនបាន២៤ម៉ោងផង ក្រោយការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយភូមិសាស្ត្រទាំងពីរ ត្រូវបានបង្រួមតំបន់ហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ឲ្យមកនៅតិចបំផុត ប្រជាពលរដ្ឋបានសម្រុកចាកចេញពីរាជធានីភ្នំពេញយ៉ាងព្រោងព្រាធ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តមួយចំនួនបានចេញប្រកាសទប់ស្កាត់ជាមុន ដោយតម្រូវឲ្យបុគ្គលដែលចេញពីភ្នំពេញទៅកាន់បណ្តាខេត្ត ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តរកមេរោគ ប្រសិនបើពួកគេចេញមកពីតំបន់ហានិភ័យខ្ពស់។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកស្តីបន្ទោសចំពោះចៅហ្វាយខេត្ត ដែលចេញបំរាមផ្តេសផ្តាស់ ដោយលោកចាត់ទុកថាស្ថានភាពបែបនេះ មិនខុសពីការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។