លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧កុម្ភៈនេះ បានហៅក្រុមបក្សប្រឆាំងថា «ក្រុមឆ្កែកាច» និងបានប្រកាសមិនឆ្លើយឆ្លងជាមួយទៀតឡើយ។ ការបិទទ្វារចរចារបស់លោកហ៊ុន សែន ម៉ឺងម៉ាត់យ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា ធ្វើស្របពេលដែលអតីតគណបក្សប្រឆាំងបានព្យាយាមវិលមកកាន់វេទិកាប្រកួតប្រជែងវិញ តាមរយៈមធ្យោបាយផ្សេងៗ ក្នុងនោះ ទំនងជាមានអន្តរាគមន៍តាមផ្លូវការទូតបរទេសផងដែរ។ អ្នកវិភាគនយោបាយ កម្ពុជាមួយចំនួន យល់ឃើញថា គណបក្សសង្គ្រោះជាតិនឹងអស់ផ្លូវដើរ រីឯគណបក្សប្រជាជននឹងអាចកាន់អំណាចបន្តទៅមុខយូរទៀត យ៉ាងណាមិញ អ្នកនយោបាយខ្លះ មិនយល់យ៉ាងដូច្នេះទេ។